បណ្តាប្រទីបភ្លឺចិញ្ចាចក្នុងរាត្រីនៃពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរសុកត្រាំង |
ជារៀងរាល់ឆ្នាំ ពេលដែលព្រះសង្ឃធ្វើពិធីកិច្ចចេញព្រះវស្សារួច មាមីងពុទ្ធបរិស័ទតែងរៀបចំធ្វើប្រទីប។ ក្នុងពេលនោះ ក៏បាននិមន្តព្រះសង្ឃសម្តែងព្រះបរិត្ត បន្ទាប់មកមាមីងពុទ្ធបរិស័ទធ្វើពិធីខមាទោសចំពោះព្រះធរណី ព្រះគង្គា ពីព្រោះយើងរាល់គ្នាពេលប្រជុំជីវភាពដោយមិនគប្បី មានការខុសឆ្គង។ ពិធីកិច្ចនេះបានចាត់តាំងចប់សព្វគ្រប់ហើយ ក៏បានយកទៅបណ្តែតនៅតាមដងព្រែក។ ដើម្បីយល់កាន់តែច្បាស់នូវអត្ថន័យពិធីបុណ្យនេះ យើងខ្ញុំបានជួបនិងសំណេះសំណាលជាមួយពូថាច់ភឿង សមាជិកគណៈកម្មការវត្តសិរីសុខុមសង្គមមានជ័យស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) ពេលសួរអំពីអត្ថន័យនៃពិធីបណ្តែតប្រទីប ពូភឿងឱ្យដឹង៖ ពិធីបណ្តែតប្រទីបនៅតាមដងព្រែកមានសារៈសំខាន់ណាស់ ដ្បិតអីពេលបណ្តែតទៅ មាមីងបានបួងសួងប្រាថ្នាសូមនូវសេចក្តីសុខ ហើយប្រការណាដែលមិនល្អឬអពមង្គល សូមឱ្យខ្ចាត់ខ្ចាយទៅតាមទឹក។ ក្រៅពីចែករំលែកអំពីអត្ថន័យនៃពិធីបណ្តែតប្រទីប ពូភឿងនៅទាំងឱ្យដឹងពីរបៀបធ្វើប្រទីបដែលភ្លឺចិញ្ចាច ស្អាត ក្រុមអ្នកធ្វើនឹងរួមគ្នារៀបចំសម្ភារៈដូចជាៈ ក្រដាសកែវ ឫស្សី ដើមចេក ម្សៅពណ៌។ល។ រូបភាពប្រទីបគឺសម្បូរបែប អាស្រ័យលើការច្នៃប្រឌិតរបស់វត្តនីមួយៗ ប៉ុន្តែទម្រង់ប្រទីបមានលក្ខណៈរចនាដូចព្រះវិហារ… ជាមួយការប៉ិនប្រសប់ សិប្បករបានខិតខំរចនាប្រទីប ហាក់ដូចជាកំពុងផ្តោតចិត្តដើម្បីកែលម្អវត្តរបស់ខ្លួន។ ប្រទីបនីមួយៗមានគ្រឿងបូជាដូចជាៈ ទៀន ធូប ផ្កានិងស្លាធម៌។ល។ បើធៀបនឹងកាលពីមុន នាពេលបច្ចុប្បន្ននេះ ប្រទីបមានភាពស្រស់ស្អាតជាង ព្រោះសព្វថ្ងៃមានសម្ភារៈតុបតែងច្រើន ពិសេស មានភ្លើងអេឡិចត្រូនិចចម្រុះពណ៌ ពេលបណ្តែតតាមដងព្រែក បញេ្ចញពន្លឺភ្លឺចិញ្ចាច។ ចែករំលែកអំពីពិធីបណ្តែតប្រទីប ព្រះតេជគុណឡឹមមី គង់នៅវត្តស្រឡូងមានសង្ឃដីកា៖ ពិធីបណ្តែតប្រទីបបានចាត់តាំងដោយមានការចូលរួមរបស់ព្រះសង្ឃនិងមាមីងពុទ្ធបរស័ទច្រើនកុះករ។ វត្តមានពុទ្ធបរិស័ទច្រើនឬពុទ្ធបរិស័ទដែលនៅឆ្ងាយវត្ត គណៈកម្មការនិងអាចារ្យទទួលបន្ទុកវេនតាមភូមិនឹងចាត់តាំងនៅតាមសាលាទាន ដើម្បីមាមីងពុទ្ធបរិស័ទក្នុងភូមិចូលរួម បន្ទាប់មកយកទៅបណ្តែតនៅតាមព្រែកក្នុងភូមិឬដង្ហែទៅវត្ត។ ភូមិណាដែលនៅជិតវត្ត គេនាំគ្នាដង្ហែនៅតាមផ្លូវសម្រាប់មាមីងពុទ្ធបរិស័ទចូលរួមបំពេញកុសល បួងសួងសុំសេចក្តីសុខ។ ក្រោយពេលដង្ហែនៅតាមភូមិរួច គេនាំគ្នាទៅជួបជុំនៅវត្ត ហើយយកប្រទីបដាក់តម្កល់នៅកណ្តាលទីធ្លាវត្ត ទន្ទឹមនឹងនោះ អារាធនានិមន្តព្រះសង្ឃសំដែងព្រះបរិត្ត ដើម្បីកម្ចាត់នូវឧបទ្រពចង្រៃជៀសចេញឱ្យឆ្ងាយទៅ។ ពុទ្ធបរិស័ទបួងសួងសុំសេចក្តីសុខកើតមានដល់ខ្លួននិងគ្រួសារ។ ដោយមានបំណងចង់សម្តែងនូវការគោរពដឹងគុណនិងញ៉ាំងឱ្យពិធីបុណ្យកាន់តែមានភាពឱឡារិក អធិកអធម។
ពិធីបណ្តែតប្រទីបគឺជាវប្បធម៌ប្រពៃណីដែលមានពីយូរលង់មក បានមាមីងខ្មែររៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីខមាទោសចំពោះព្រះធរណី ព្រះគង្គាឬធម្មជាតិដែលបានផ្តល់នូវភាពក្សេមក្សាន្តដល់យើងរាល់គ្នា។ បច្ចុប្បន្ន ជារៀងរាល់ឆ្នាំពិធីបុណ្យអកអំបុក បានមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តសុកត្រាំងចាត់តាំងពិធីប្រឡងបណ្តែតប្រទីប ដោយមានបំណងចង់ឧទ្ទេសនាមដល់អ្នករាល់គ្នាដឹងអំពីអត្ថន័យ ក៏ដូចជារួមចំណែកក្នុងការអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរសុកត្រាំង៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin