|
កើតក្នុងគ្រួសារដែលមានប្រពៃណីប្រកបរបរគូរគំនូរនិងចម្លាក់ សិប្បករស៊ើងសាធាបានគ្រួសារបង្ហាត់បង្រៀនយ៉ាងម៉ត់ចត់។ ដំបូងយើងត្រូវតែពណ៌នាពីលោកតាលីង៉ែតជាជីតាខាងម្តាយរបស់បងស្រីសាធា លោកជាសិប្បករមានថ្វីដៃល្បីឈ្មោះខាងគំនូរក្បូរក្បាច់រចនាខ្មែរដែលមានភាពល្បីល្បាញក្នុងតំបន់វាលរាបទន្លេគឺវឡុង លោកបានផ្ទេរនូវចំណេះដឹងឱ្យកូនចៅស្នងបន្ត ក្នុងនោះ មានបងស្រីស៊ើងសាធា។ សំណេះសំណាលជាមួយយើងខ្ញុំ សិប្បករស៊ើងសាធាឱ្យដឹង៖ កាលក្នុងវ័យសិក្សា វិញ្ញាសាដែលខ្ញុំចូលចិត្តបំផុតគឺវិញ្ញាសាគូរគំនូរ ពេលនោះដោយឃើញចៅរបស់ខ្លួនមានទេពកោសល្យខាងគំនូរលោកតាក៏បង្ហាត់បង្រៀនឱ្យខ្ញុំនូវចំណេះដឹងខាងគំនូរនិងចម្លាក់នេះ។ ជាមួយភាពជក់ចិត្តផ្សំនឹងការបង្រៀនដោយអស់ពីចិត្តរបស់លោកតា ម៉្លោះហើយទើបបងស្រីគូរបានយ៉ាងស្ទាត់ជំនាញតាំងពីលាយទឹកថ្នាំគូរ ប្លង់រូបនិងវិធីសាស្រ្តគូរធ្វើយ៉ាងណាឱ្យមានភាពរស់រវើក។ តាមបងស្រីសាធា ដើម្បីធ្វើវណ្ណកម្មមួយឱ្យបានល្អប្រណីតមានភាពរស់រវើកនិងមានព្រលឹងអ្នកគូរត្រូវតែមានការព្យាយាមផ្ចិតផ្ចង់ក្នុងពេលអនុវត្តវណ្ណកម្ម ពិសេសត្រូវយល់ឱ្យបានច្បាស់ពីអត្ថន័យនិងប្រភពនៃប្រភេទក្បាច់និងចម្លាក់…។ រួមជាមួយនឹងការជក់អារម្មណ៍ខាងរបរគំនូរចម្លាក់និងមាននិស្ស័យជាគូរអនាគត។ ម៉្លោះហើយឆ្នាំ១៩៩៥ បងស្រីបានរៀបការជាមួយនឹងសិប្បករឡឹមភៀង នៅទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ(សុកត្រាំង)។ ជាមួយថ្វីដៃដ៏ប៉ិនប្រសប់ ផ្សំនឹងការច្នៃប្រឌិតទៀតនោះ ដូច្នេះវណ្ណកម្មរបស់ប្តីប្រពន្ធបងស្រីតែងទទួលបានការស្ងើចសរសើរពីសំណាក់ផ្នែកជំនាញ ព្រះសង្ឃនិងមាមីងខ្មែរនៅក្នុងតំបន់។ ទន្ទឹមនឹងនោះ ទើបប្តីប្រពន្ធបងស្រីបានបណ្តាវត្តទក្ខិណនិកាយខ្មែរអញ្ជើញទៅគូរនិងចម្លាក់គ្រប់ទីកន្លែងដូច បាកលីវ ត្រាវិញ គៀងយ៉ាង… វណ្ណកម្មដិតដាមស្នាមគំនូសរបស់បងស្រីស៊ើងសាធាគឺគំនូររៀបរាប់ពីពុទ្ធប្បវត្តិតាំងពីកំណើតជាព្រះវេស្សន្តរ ពីប្រសូតិរហូតដល់ចូលព្រះនិព្វាន…និងអមដោយក្បូរក្បាច់រចនាដូច ក្បាច់អង្គរ ត្របកឈូក ផ្កាភ្លើង ផ្កាច័ន្ទ…។ ដោយបំណងចង់ឱ្យក្បូរក្បាច់រចនានិងចម្លាក់បានឋិតថេរនិងពង្រីកជាងទៀត ប្តីប្រពន្ធបងស្រីស៊ើងសាធាបានទទួល បង្ហាត់បង្រៀនដល់សិស្សជាច្រើនរូបទៀតដើម្បីរួមចំណែកក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ព្រះតេជគុណថាច់បេនព្រះចៅអធិការវត្តជ្រោយទឹមចាស់មានសង្ឃដីកា៖ ដោយថ្វីដៃយ៉ាងប៉ិនប្រសប់របស់ ប្តីប្រពន្ធបងស្រីសាធាប្រើវត្ថុធាតុដើមច្នៃទៅជាវណ្ណកម្មបានយ៉ាងល្អឯករស់រវើក…បណ្តាសំណង់ដែលប្តីប្រពន្ធបងស្រីសាធាទទួលធ្វើតែងបានព្រះសង្ឃនិងមាមីងខ្មែរក្នុងនិងក្រៅខេត្ត វាយតម្លៃខ្ពស់និងស្ងើចសរសើរ។
ក្នុងសម័យបច្ចុប្បន្ន ជាមួយនិន្នាការសង្គម មិនសូវយកចិត្តទុកដាក់ចំពោះសិល្បៈប្រពៃណីម៉្លោះហើយទង្វើរបស់សិប្បករស៊ើងសាធាបាននិងកំពុងរួមចំណែកក្នុងការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីជនជាតិដ៏វិសេសនេះ ព្រមជាមួយនោះ ចង់ឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅខេត្តក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពេលមកទស្សនាកម្សាន្តនិងស្វែងយល់ពីអត្តសញ្ញាណវប្បធម៌យ៉ាង ប្រណីតរបស់ជនរួមជាតិខ្មែរនៅសុកត្រាំង៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin