រូបចម្លាក់សត្វមករក្នុងស្ថាបត្យកម្មខ្មែរ

08:56, 19/09/2024

ក្នុង​ស្ថាបត្យ​កម្ម​វប្បធម៌របស់ជនជាតិ​​ខ្មែរ​ រូប​ចម្លាក់​សត្វមករ​​ជា​គ្រឿង​លម្អ​យ៉ាង​ពេញ​និយមនៅ​លើ​សំណង់​នានារបស់ព្រះ​ពុទ្ធសាសនាទក្ខិណនិកាយ​ខ្មែរ ទន្ទឹម​ជាមួយ​ក្បូរ​ក្បាច់រចនាផ្កាភ្ញី​ រូបកិន្នរ និងរូប​ចម្លាក់​សត្វ​ផ្សេង​ៗ​ដែល​មាន​ក្នុងរឿងទេវ​កថា​ដូច សត្វ​នាគ​ ហង្ស​ឬ​គ្រុឌ។ រូប​ចម្លាក់​សត្វមករ​មិន​ត្រឹម​ជា​ផ្នែក​មួយ​នៃវិចិត្រសិល្បៈប៉ុណ្ណោះទេ ថែម​ទាំង​មានសារៈសំខាន់​ក្នុង​ការរំលេចឡើងនូវ​លក្ខណៈពិសេស​នៃ​ស្ថា​បត្យកម្ម​​វត្ត​អារាមរបស់​ជនរួមជាតិ​ខ្មែរ។​

Hình ảnh Mko và rồng trên tay cầm cầu thang

រូប​មករ​បាន​ឆ្លាក់​តុប​តែង​ជា​គ្រឿង​លម្អ​តាម​បង្កាន់​ដៃ​ជណ្តើរ

ពេល​និយាយ​អំពី​សត្វមករ ​ប្រហែល​ជាគេ​ដឹង​តិច​ជាង​​បើ​ប្រៀប​ជាមួយ​សត្វនាគ។ ក្នុង​ស្ថាបត្យ​កម្ម​តាម​វត្តអារាម​ខ្មែរ​ ភាគច្រើន​សត្វមករ​និង​សត្វនាគ​តែងបានគេ​ចម្លាក់ភ្ជាប់ជាមួយគ្នា ចម្លាក់នាគឬមករ​តែ​ឯងគឺ​មាន​តិច​តួចណាស់។ តាម​មហា​បរិញ្ញា​យ័ញ​មេន​-គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ​ឱ្យ​ដឹង​៖ ពាក្យ​ថា​មករ​គឺ​ជា​ពាក្យ​មក​ពីភា​សា​សំស្រឹ្កត ​មានន័យ​ថា ក្រពើឬនាគបាននិយាយនៅ​ក្នុង​ទេវកថា​និង​គម្ពីរ​វេទ​របស់​ព្រហ្មញ្ញសាសនា មករ​ជា​សត្វ​មាន​ដងខ្លួន​ស្រ​ដៀង​នឹង​សត្វ​នាគ​ ត្រ​ចៀក​ដូច​ត្រ​ចៀក​ជ្រូក​ ធ្មេញ​ដូច​ធ្មេញក្រ​ពើ ប្រមោយដូច​ដំរី ស្រកាត្រី កន្ទុយ​ក្ងោក​។ល។ សត្វ​មករនេះ​កើត​ចេញ​ពី​សសៃ​សក់​របស់​ព្រះ​នាង​គង្គាហើយ​ក៏​ជា​ពាហនៈរបស់​ព្រះ​នាង​គង្គាដែរ។ សត្វ​នេះ​មាន​ឫទ្ធិដ៏​ខ្លាំង​ក្លា​អាច​លេប​សត្វ​ផ្សេងៗទៀត​​ដូច ​នាគ គ្រុឌ និងពួក​ទេវ ក្នុង​លោក​​នេះ​គ្មាន​នរ​ណាអាចយក​ជ័យ​ជម្នះ​លើ​សត្វ​នេះ​ឡើយ។​ ក្រោយ​រយៈពេល​ប្រយុទ្ធ​ជា​ច្រើន​ថ្ងៃ ព្រះ​សិវៈក៏​បង្ក្រាប​បាន​សត្វ​មករ ហើយសត្វមករ​ក៏​ខ្ជាក់សត្វ​ដែល​ខ្លួន​បាន​លេបចូល​ទៅ​ក្នុង​ពោះ​នោះ​ចេញ​មក ក្នុង​នោះ​មាន​សត្វ​នាគ​ អាស្រ័យ​រឿង​​នេះ​ ទើប​ជន​រួមជាតិ​ខ្មែរ​តែង​​​ចម្លាក់រូប​​សត្វ​មករកំពុង​​ខ្ជាក់នាគ​ជា​ដរាប។

សត្វ​មករតែង​បាន​គេ​ចម្លាក់​ដោយ​លក្ខណៈ​សម្បូណ៌​បែប​ ដោយ​ការ​រួម​ផ្សំរវាង​លក្ខណៈ​របស់​សត្វ​ដទៃ។ ពេលខ្លះ​មាន​ជើងដូច​សត្វ​ក្រពើ ពេល​ខ្លះ​មាន​តួខ្លួន​ដូច​នាគឬក្រពើ។ រូប​ចម្លាក់​ខ្លះ​ទៀត​សត្វ​មករនេះ​គ្មាន​ជើង​​ក្នុង​សណ្ឋានកំពុង​ខ្ជាក់នាគ​ចេញ​ពី​មាត់ តាមវត្ត​ខ្មែរ​នៅ​ណាម​បូ​​ រូប​ចម្លាក់​សត្វ​មករ​បាន​គេ​ឆ្លាក់​ភាគ​ច្រើន​គ្មាន​ប្រ​មោយ​ដូច​ដំរី​ដែល​បាន​ពណ៌នា​នៅ​ក្នុងរឿង​ទេ​វថា​ឡើយ។

រូប​មករ​និង​នាគ​បាន​ឆ្លាក់​ដាក់​លើ​ស៊ុម​បង្អួច

តាម​មហា​បរិញ្ញា​ហឿ​សានី-អនុប្រ​ធាន​ផ្នែក​វប្បធម៌​ជន​ជាតិ​ភាគ​តិច​នៃ​សកល​វិទ្យល័យ​វប្បធម៌​ទី​ក្រុង​ហូជី​មិញ​៖ តាម​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​ រូបភាពសត្វ​ដែល​សត្វ​មករ​ខ្ជាក់​ចេញតំណាង​ឱ្យ​វិបុល​ភាព​និង​​សម្បូណ៌រុង​រឿង​។អាស្រ័យ​ហេតុនោះ​ នៅ​តាម​បណ្តា​សំណង់​ស្ថាបត្យ​កម្ម​នៃពុទ្ធសាសនា​ខ្មែរ​ យើងតែង​​​បាន​ជួប​ប្រ​ទះ​រូប​ភាព​សត្វ​មករកំពុង​ខ្ជាក់​ពួក​សត្វ​ ជាពិសេស​គឺ​សត្វ​នាគ​។ ពេលខ្លះ​គេ​​ឆ្លាក់លៀនរូប​សត្វ​មករតែ​ឯងលើ​ស៊ុម​បង្អួច​ចម្រុះ​ដោយ​ក្បូរ​ក្បាច់ផ្កាភ្ញី​ផ្សេង​ៗ ធ្វើ​ឱ្យ​គេ​យល់​ច្រ​ឡំ​ថា​នោះ​គឺ​ជា​រូប​រាហ៊ូ។ រូបសត្វ​មករ​តែង​បាន​ចម្លាក់ដាក់លើ​ដំបូលសំណង់​ក្នុង​វត្ត​ដូច​ព្រះ​វិហារ ​សា​លា ឬបង្កាន់​ដៃ​ជណ្តើរ​ ដង​ទង់​។ល។

វត្តមានរូប​ចម្លាក់​របស់​សត្វ​មករ​មិន​ត្រឹម​តែ​មាន​តម្លៃ​ក្នុង​ការ​រចនាលម្អ នៅទាំង​មាន​អត្ថ​ន័យ​លើ​ជំ​នឿ​ផ្លូវ​ចិត្ត​ បាន​ចាត់ទុកថា​ជា​ការការ​ពារលើស្ថាបត្យ​កម្ម​ហើយ​នាំមក​នូវ​សេច​ក្តី​សុខ​ វិ​បុល​ភាព​និង​សម្បូណ៌​រុង​រឿង ជាង​នោះ​ទៀតរូប​ចម្លាក់សត្វ​មករ​​ថែម​ទាំង​រួម​ចំណែក្នុង​ការ​រក្សា​លក្ខណៈពិសេសរបស់​ជន​ជាតិ​ខ្មែរ​នៅ​ណាម​បូ។

វឌ្ឍា-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024